Enter your keyword

គោលការណ៍របស់បណ្ណាល័យ ម៉េងលី ជេ. គួច

គោលការណ៍របស់បណ្ណាល័យ ម៉េងលី ជេ. គួច

ច្បាប់ និងវិន័យរបស់បណ្ណាល័យ ម៉េងលី ជេ. គួច គោលការណ៍នេះមានគោលដៅបញ្ជ្រាបព័ត៌មាន ដល់អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យទាំងអស់ ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យមានភាពងាយស្រួល និងការអនុវត្ដឱ្យមានប្រសិទ្ធភាពខ្ពស់។

ការទទួលខុសត្រូវ

 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវមានបណ្ណសម្គាល់ខ្លួន (ID card) បណ្ណសម្គាល់ខ្លួនអតីតសិស្ស (Alumini card) ឬ កាតភ្ញៀវ (Visitor card)។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យ ត្រូវជួយថែរក្សាទ្រព្យសម្បត្ដិរបស់បណ្ណាល័យ ដូចជា តុ ទូ កៅអី សៀវភៅ និងសម្ភារជាច្រើនទៀតឱ្យបានឋិតថេរគង់វង្ស។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវរក្សាទុក កាសែត ឬ ទស្សនាវដ្ដី ដែលបានអានរួចនៅកន្លែងដើមវិញ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យដែលបានភ្ជាប់មកជាមួយនូវ សំពៀត ថង់យួរ ឬ សម្ភារផ្សេងៗ ត្រូវយកមករក្សាទុកនៅទូសម្រាប់ដាក់សម្ភារឱ្យបានត្រឹមត្រូវសមរម្យ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យដែលបានភ្ជាប់មកជាមួយនូវ សំពៀត ថង់យួរ ឬ សម្ភារផ្សេងៗ ត្រូវយកមករក្សាទុកនៅទូសម្រាប់ដាក់សម្ភារឱ្យបានត្រឹមត្រូវសមរម្យ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវប្រកាន់ខ្ជាប់នូវភាពស្ងៀមស្ងាត់ សណ្ដាប់ធ្នាប់ និងសីលធម៌ល្អ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវបិទសម្លេងទូរសព្ទ ឬ ទូរសព្ទដើម្បីបង្ការការរំខានដល់អ្នកដទៃ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវចូលរួមសហការ និងអនុញ្ញាតឱ្យបណ្ណារក្សត្រួតពិនិត្យប្រសិនបើបណ្ណារក្សមានមន្ទិលសង្ស័យថា អ្នកប្រើប្រាស់មានគំនិតលួចលាក់ បន្លំយកសៀវភៅ ឬ ច្រឡំយកឯកសាររបស់បណ្ណាល័យ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវសួរបណ្ណារក្ស ប្រសិនបើមានការសង្ស័យ ឬ ចម្ងល់មិនយល់ដោយប្រការណាមួយពេលកំពុងប្រើប្រាស់សេវាកម្ម។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យមិនអនុញ្ញាតឱ្យយកនំចំណី ឬ ភេសជ្ជៈផ្សេងៗចូលក្នុងបណ្ណាល័យឡើយ ប៉ុន្តែសម្រាប់ភេសជ្ជៈមានគម្របមួលបិទជិតអាចយកចូលទទួលទានបាន។
 • មានតែសមាជិកបណ្ណាល័យប៉ុណ្ណេះ ដែលត្រូវបានអនុញ្ញាតឱ្យយកសៀវភៅចេញពី បណ្ណាល័យ។ (សូមពិនិត្យមើលប្រការ៣)
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យមិនត្រូវគូសវាសនៅលើសៀវភៅ ជញ្ជាំង តុ ឬ កៅអីឡើយ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យមិនអនុញ្ញាតឱ្យប្រើប្រាស់ភាសាមិនសមរម្យ នៅក្នុងសាលអានឡើយ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យ មិនអនុញ្ញាតឱ្យយកកុមារតូចៗ ឬ សត្វពាហនៈចូលក្នុងសាលអាន ដែលអាចនាំឱ្យមានការរំខាន និងប៉ះពាល់សណ្ដាប់ធ្នាប់បណ្ណាល័យ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យ មិនអនុញ្ញាតឱ្យជក់បារី ខាកស្ដោះ ពាក់មួកចូលសាលអាន ឬ ថតរូបភាពក្នុងបណ្ណាល័យឡើយ។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យមិនត្រូវបង្កឱ្យមានសម្លេងរំខាន ដល់អ្នកប្រើប្រាស់ដទៃផេ្សងទៀតឡើយ។

ការចូលជាសមាជិកបណ្ណាល័យ

អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យគ្រប់រូបមានសិទ្ធិសុំចូលជាសមាជិកបណ្ណាល័យ បានដោយគ្រាន់តែគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖

 • ត្រូវបំពេញពាក្យសុំចូលជាសមាជិកបណ្ណាល័យ (ពាក្យសុំចូលជាសមាជិកមាននៅគ្រប់អគារបណ្ណាល័យ ម៉េងលី ជេ. គួច ហើយពាក្យសុំចូលជាសមាជិកនេះគឺចែកជូនដោយឥតគិតថ្លៃ)។
 • ពាក្យសុំចូលជាសមាជិកបណ្ណាល័យ តម្រូវឱ្យមានការចុះហត្ថលេខាអនុញ្ញាតពីមាតាបិតា ឬ អ្នកអាណាព្យាបាល ប៉ុន្ដែចំពោះសិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) និងអាយុ ១៦ឆ្នាំឡើងមានសិទ្ធិចុះហត្ថលេខាដោយខ្លួនឯងបាន។

គោលការណ៍ ខ្ចីសៀវភៅ ឬ ឯកសារ

 • សមាជិកបណ្ណាល័យមានសិទ្ធិខ្ចីសៀវភៅ ឬ ឯកសារបានលុះត្រាតែមានបណ្ណសម្គាល់ខ្លួន។
 • សមាជិកបណ្ណាល័យអាចខ្ចីសៀវភៅម្ដងបានចំនួន ២(ពីរ) ក្បាល ដែលមានរយៈពេលខ្ចី ១(មួយ) សប្ដាហ៍ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យជាតិ)។ ចំពោះសមាជិកដែលរៀនទាំង២(ពីរ) មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង អាចខ្ចីសៀវភៅបានម្ដងចំនួន ៤(បួន) ក្បាល តែត្រូវប្រើបណ្ណសម្គាល់ខ្លួន២(ពីរ)ផ្សេងគ្នា។
 • សមាជិកបណ្ណាល័យដែលមានតួនាទីជាគ្រូបង្រៀន ឬ បុគ្គលិកមានបំណងខ្ចីសៀវភៅ ឬ ឯកសារយកទៅស្រាវជ្រាវសម្រាប់ការបង្រៀន ឬ ការស្រាវជ្រាវដែលជាប្រយោជន៍សម្រាប់វិទ្យាស្ថាន ឬ សាលារៀន មានសិទ្ធិខ្ចី សៀវភៅ ឬ ឯកសារម្ដងបានចំនួន ៥(ប្រាំ) ក្បាល និងមានរយៈពេលខ្ចី ៣(បី) សប្ដាហ៍។
 • សមាជិកបណ្ណាល័យដែលខ្ចីសៀវភៅ ឬ ឯកសាររួចហើយ ប៉ុន្ដែមិនទាន់សងសៀវភៅ ឬ ឯកសារ ចាស់វិញគឺមិនអាចខ្ចីសៀវភៅ ឬ ឯកសារថ្មីបានទេ លុះត្រាតែយកសៀវភៅ ឬ ឯកសារទៅប្រគល់ ជូនបណ្ណារក្សសិនរួចហើយបំពេញបែបបទខ្ចីបន្ដដើម្បីជៀសវាងនូវការផាកពិន័យ។
 • សមាជិកបណ្ណាល័យដែលរៀននៅ សាលារៀន អន្ដរទ្វីប អាមេរិកាំង ចាប់ពីថ្នាក់ក្រោមមត្ដេយ្យដល់ ថ្នាក់ទី៦មិនអនុញ្ញាតឱ្យខ្ចីសៀវភៅប្រភេទប្រលោមលោកបែបមនោសញ្ចេតនាទេ។
 • សមាជិកបណ្ណាល័យដែលធ្វើឱ្យបាត់ រហែក ឬ គូសវាសក្នុងសៀវភៅបណ្ដាលឱ្យបាត់បង់សោភ័ណភាពជាដើមត្រូវទទួលខុសត្រូវតាមគោលការណ៍របស់បណ្ណាល័យ។ (សូមមើលប្រការ៥)។
 • សមាជិកបណ្ណាល័យដែលខ្ចីសៀវភៅ ឬ ឯកសារលើសថ្ងៃកំណត់សងចាប់ពី ២(ពីរ) សប្ដាហ៍ឡើងទៅនឹងត្រូវទទួលការផាកពិន័យមិនឱ្យខ្ចីសៀវភៅរយៈពេល ១(មួយ) ខែ។
 • រាល់ការខ្ចីសៀវភៅទាំងអស់នឹងត្រូវបិទ ១០(ដប់) ថ្ងៃ មុនថ្ងៃបញ្ចប់វគ្គសិក្សា ឬឆ្នាំសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្ដរទ្វីប អាមេរិកាំង។
 • ឯកសារសំខាន់ៗដូចជា សៀវភៅកម្រ សៀវភៅមានតម្លៃថ្លៃ សៀវភៅមានសភាពទ្រុឌទ្រោមខ្លាំង វចនានុក្រម សព្វវចនាធិប្បាយ មិនអនុញ្ញាតឱ្យខ្ចីចេញទៅក្រៅទេដោយរក្សាទុកជាឯកសារ និងបិទពាក្យសម្គាល់ថា “ឯកសារ”។
 • សៀវភៅដែលមានតម្លៃថ្លៃហើយចម្លងជាច្រើនក្បាល សមាជិកអាចខ្ចីដោយគ្រាន់តែកក់ប្រាក់ចាប់ពី២០ដុល្លាឡើងទៅ នៅពេលដែលសមាជិកសងសៀវភៅ យើងនឹងប្រគល់ប្រាក់កក់ជូនវិញ។

ច្បាប់ផាកពិន័យ

 • សមាជិកបណ្ណាល័យដែលខ្ចីសៀវភៅលើសថ្ងៃកំណត់សង ១(មួយ)ថ្ងៃ នឹងត្រូវពិន័យជាប្រាក់ ៥០០៛ (ប្រាំរយរៀល) ក្នុងសៀវភៅមួយក្បាល។
 • សមាជិកបណ្ណាល័យដែលខ្ចីសៀវភៅលើសថ្ងៃកំណត់សង ២(ពីរ) សប្ដាហ៍ នឹងត្រូវពិន័យជាប្រាក់តាមចំនួនថ្ងៃដែលបានលើស និងមិនអនុញ្ញាតឱ្យខ្ចីសៀវភៅរយៈពេល ១(មួយ) ខែ។
 • សមាជិកបណ្ណាល័យដែលធ្វើឱ្យរហែកសៀវភៅ សរសេរ ឬ គូសវាសលើសៀវភៅនឹងត្រូវពិន័យជាប្រាក់៥០% (ហាសិបភាគរយ) នៃតម្លៃសៀវភៅជាក់ស្ដែង។ ករណីសៀវភៅមានសភាពខូចខាតខ្លាំង រហែក បាត់ទំព័រ ឬ បាត់តែម្ដងសមាជិកបណ្ណាល័យមានជម្រើស ២(ពីរ) យ៉ាង ក្នុងការសង គឺសងជាសៀវភៅ ឬ សងជាប្រាក់។ ការសងជាប្រាក់ត្រូវបូកបន្ថែម ២០%(ម្ភៃភាគរយ) ពីលើតម្លៃសៀវភៅជាក់ស្ដែង។
 • សមាជិកបណ្ណាល័យនឹងទទួលបានការលើកលែងការផាកពិន័យ ប្រសិនបើបានផ្ដល់ព័ត៌មានអំពីការបាត់សៀវភៅដល់បណ្ណារក្សមុនថ្ងៃផុតកំណត់ ឬ សមាជិកបណ្ណាល័យមានបញ្ហាធ្ងន់ធ្ងរដូចជា ឈឺ ជួបគ្រោះថ្នាក់ចៃដន្យ ឬ សាច់ញាតិទទួលមរណៈភាពជាដើម។ បញ្ជាក់:
  • សមាជិកបណ្ណាល័យដែលកំពុងសិក្សានូវកម្រិត Pre-Kid ដល់ Kid4 នៃមជ្ឈមណ្ឌល ភាសា អេ អាយ អាយ ។
  • សមាជិកបណ្ណាល័យដែលកំពុងសិក្សានូវកម្រិតក្រោមមត្ដេយ្យ ដល់ ថ្នាក់ទី២ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង។

អាសានប្បញ្ញាតិ

 • គោលការណ៍នេះត្រូវបានរៀបចំឡើង និងទទួលការឯកភាពដោយគណៈគ្រប់គ្រង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ដើម្បីដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យទាំងអស់អនុវត្ដតាម។
 • អ្នកប្រើប្រាស់សេវាកម្មបណ្ណាល័យដែលប្រព្រឹត្ដផ្ទុយនឹងប្រការណាមួយ នៃគោលការណ៏នេះត្រូវ ទទួលខុសត្រូវចំពោះមុខគណៈគ្រប់គ្រងស្ថាប័ន។
 • គណៈគ្រប់គ្រង បណ្ណាល័យ ម៉េងលី ជេ. គួច សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងសូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។